ក្នុងចំណោមករណីឆ្លង COVID-19 ថ្មីៗទាំង ៤២៧នាក់ ដែលត្រូវបានបានរាយការណ៍ខាងលើនេះរួមមាន ពលករចំណាកស្រុកចំនួន ៣៩៧នាក់នៅខេត្តសាមុតសាខន ក្រោយករណីផ្ទុះឡើងដំបូង កាលពីចុងសប្តាហ៍មុន នៅឯកន្លែងលក់គ្រឿងសមុទ្រដ៏ធំមួយនៅក្នុងខេត្ត។ អាជ្ញាធរថៃបានអះអាងទៀតថា មានអ្នកឆ្លង COVID-19 ជាង ១,១០០ករណី ដែលភាគច្រើនមកពីប្រទេសមីយ៉ាន់ម៉ា តែត្រូវបានក្រុមជំនាញរកឃើញថា «មិនមានរោគសញ្ញាអ្វីទាំងអស់»។
អាជ្ញាធរថៃបានស្រាវជ្រាវឃើញថា មានអ្នកទិញអាហារសមុទ្រជាច្រើន ដែលបានធ្វើដំណើរមកពីខេត្តចំនួន ២២ បានទៅទីនោះចន្លោះពីថ្ងៃទី០១ ដល់ ថ្ងៃទី១៨ ខែធ្នូ ហើយអ្នកទាំងនោះត្រូវបានអំពាវនាវ ឲ្យស្វែងរកការធ្វើតេស្តរក COVID-19 ឲ្យបានឆាប់ជាទីបំផុត។ដោយឡែកអ្នកនាំពាក្យរដ្ឋាភិបាលថៃ បានបញ្ជាក់នៅក្នុងសន្និសីទកាសែតមួយថា មនុស្សប្រហែល ១,០០០នាក់នៅទូទាំងប្រទេស បានទៅទិញទំនិញនៅទីនោះ ក៏ប៉ុន្តែអាជ្ញាធរបានអំពាវនាវ សុំកុំឲ្យអ្នកទាំងអស់នោះភ័យស្លន់ស្លោ ប្រសិនបើដឹងថាខ្លួនធ្លាប់បានទៅទីនោះ ហើយត្រូវស្វែងរកការធ្វើតេស្តជាបន្ទាន់វិញ។
គួរបញ្ជាក់ថា សម្រាប់ករណីឆ្លងថ្មីៗចំនួន ១៦នាក់ទៀត ដែលត្រូវបានរាយការណ៍នៅថ្ងៃអង្គារនេះដែរ គឺស្ថិតនៅខេត្តចំនួន ០៨ ក្នុងនោះមាន ០៥ករណីនៅទីក្រុងបាងកក ខណៈ ១៤ករណីទៀត គឺ ជាប្រភេទករណីនាំចូលពីបរទេស។ សម្រាប់ប្រទេសមីយ៉ាន់ម៉ា គឺត្រូវបានគេដឹងថា ជាប្រភពកម្លាំងពលកម្មដ៏សំខាន់ សម្រាប់វិស័យគ្រឿងសមុទ្រនៅក្នុងប្រទេសថៃ ហើយអាជ្ញាធរថៃបានសង្ស័យថា កម្មករខ្លះបានវិលត្រលប់មកវិញ ចាប់តាំងពីការរីករាលដាលខ្លាំងនៅទីនោះ កាលពីខែសីហាមកម្ល៉េះ។
យោងតាមគេហទំព័រ worldometers គិតត្រឹមថ្ងៃអង្គារនេះ ករណីឆ្លងជំងឺ COVID-19 សរុបនៅទូទាំងប្រទេសថៃ បានកើនឡើងដល់ ៥,៧១៦ករណី ក្នុងនោះស្លាប់ ៦០នាក់ និងជាសះស្បើយវិញ ៤,០៧៨នាក់៕