ព្រះបាទសូរ្យវរ្ម័នទី២ (ឆ្នាំ១១១៣-ឆ្នាំ១១៥០)

ការគ្រងរាជ្យរបស់ព្រះបាទសូរ្យវរ្ម័នទី២ (ភាគ១៤)

ព្រះមហាក្សត្រខ្មែរមួយអង្គដែលជាអ្នកផ្ដួចផ្ដើមសំណង់ស្ថាបត្យកម្មដ៏ល្បីល្បាញ និងជានិមិត្តរូបនៃប្រទេសកម្ពុជា គឺព្រះបាទសូរ្យវរ្ម័នទី២។ ព្រះអង្គឡើងគ្រងរាជ្យនៅដើមសតវត្សទី១២ បន្ទាប់ពីបានធ្វើគត់ព្រះរាជាពីរអង្គ ដែលសោយរាជ្យមុនព្រះអង្គ។

ជាបន្តទៅទៀតនេះ សូមអញ្ជើញលោកអ្នកនាងស្តាប់ការរៀបរាប់របស់ លោក ជុន ច័ន្ទបុត្រ អំពីប្រវត្តិសាស្ត្រខ្មែរក្នុងរាជ្យព្រះបាទសូរ្យវរ្ម័នទី២៖

ក.១៨ ព្រះបាទសូរ្យវរ្ម័នទី២ (ឆ្នាំ១១១៣-ឆ្នាំ១១៥០)

ព្រះបាទសូរ្យវរ្ម័នទី២ គឺជាព្រះមហាក្សត្រខ្មែរសម័យអង្គរដ៏ល្បីល្បាញមួយព្រះអង្គ។ ស្នាព្រះហស្ដដ៏សំខាន់ជាងគេក្នុងរាជ្យរបស់ព្រះអង្គ គឺការដឹកនាំស្ថាបនាប្រាសាទអង្គរវត្តដ៏ល្អគ្មានពីរនៅលើពិភពលោកយើងនេះ។ ក៏ប៉ុន្តែ ទោះជាយ៉ាងណាក៏ដោយ ការដណ្ដើមអំណាចឡើងគ្រងរាជ្យរបស់ព្រះអង្គ ពោរពេញទៅដោយការបង្ហូរឈាម។

មុនពេលដែលព្រះអង្គឡើងគ្រងរាជ្យនោះ ប្រទេសកម្ពុជា មានព្រះរាជាពីរអង្គគ្រងរាជ្យក្នុងពេលតែមួយ។ មួយអង្គទ្រង់សោយរាជ្យនៅរាជធានីអង្គរ មានព្រះនាមថា ព្រះបាទនឫទិន្ទ្រវរ្ម័ន ដែលឡើងសោយរាជ្យស្របច្បាប់បន្តពីព្រះបាទហស៌វរ្ម័នទី៣។ មួយព្រះអង្គទៀតព្រះនាម ព្រះបាទធរណិន្ទ្រវរ្ម័នទី១ ដែលទ្រង់សោយរាជ្យបន្តពីព្រះរៀមរបស់ព្រះអង្គ គឺព្រះបាទជ័យវរ្ម័នទី៦ នៅរាជធានីមហិធរៈបុរៈ ដែលស្ថិតនៅភាគខាងលិចនៃប្រទេស។ ព្រះបាទធរណិន្ទ្រវរ្ម័នទី១ ទ្រង់ឡើងសោយរាជ្យនៅឆ្នាំ១១០៧ ហើយទ្រង់ចូលទិវង្គតឆ្នាំ១១១២ នៃគ្រិស្ដសករាជ ដោយមានព្រះមរណនាមថា បរមនិស្កលបទ។

អ្នកដែលធ្វើគត់ព្រះបាទធរណិន្ទ្រវរ្ម័នទី១ ដើម្បីដណ្ដើមរាជ្យនោះ គឺព្រះបាទសូរ្យវរ្ម័នទី២ ដែលជាចៅក្មួយរបស់ព្រះអង្គនោះឯង។ ដំបូង ព្រះបាទសូរ្យវរ្ម័នទី២ ធ្វើគត់ព្រះបាទធរណិន្ទ្រវរ្ម័នទី១ ជាឪពុកមារបស់ខ្លួន។ បន្ទាប់មក ព្រះអង្គក៏បានលើកទ័ពទៅច្បាំងជាមួយព្រះបាទនឫទិន្ទ្រវរ្ម័ន ព្រះរាជាសោយរាជ្យនៅរាជធានីអង្គរ ហើយធ្វើគត់ព្រះអង្គបានទៀត។ ការធ្វើគត់ព្រះរាជាទាំងពីរដែលចែកដីគ្នាគ្រងរាជ្យនៅកម្ពុជា ក្នុងពេលតែមួយនេះ បានធ្វើអោយព្រះបាទសូរ្យវរ្ម័នទី២ អាចបង្រួបបង្រួមនគរខ្មែរអោយទៅជាមួយឡើងវិញ។

ក្រោយពីធ្វើគត់ព្រះរាជាទាំងពីរបានហើយ ព្រះអង្គក៏ទ្រង់ឡើងសោយរាជ្យនៅរាជធានីអង្គរ។ ពិធីរាជាភិសេកក្នុងការឡើងគ្រងរាជ្យនេះ ត្រូវបានរៀបចំឡើងដោយព្រះរាជគ្រូព្រាហ្មណ៍បុរោហិតទិវាករបណ្ឌិតដដែល។

លុះទ្រង់បានឡើងសោយរាជ្យហើយ ព្រះអង្គទ្រង់បានភ្ជាប់ចំណងមិត្តភាពជាមួយប្រទេសចិន ឡើងវិញ ហើយព្រះអង្គបានបញ្ជូនគណៈបេសកកម្មការទូតពីរទៅប្រទេសចិន គឺមួយនៅឆ្នាំ១១១៦ និងមួយទៀតនៅឆ្នាំ១១២០ នៃគ្រិស្ដសករាជ។

ព្រះបាទសូរ្យវរ្ម័នទី២ ជាស្ដេចសឹកដ៏អង់អាចក្លាហាន។ ព្រះអង្គបានធ្វើសង្គ្រាមជាញឹកញាប់ ដោយបានច្បាំងជាច្រើនលើកច្រើនសាជាមួយនឹងប្រទេសចំប៉ា ដែលបានបញ្ជូនទ័ពមកឈ្លានពានទឹកដីខ្មែរតាំងពីមុនរាជ្យរបស់ព្រះអង្គ គឺពេលដែលប្រទេសបែកបាក់គ្នា ហើយមានស្ដេចសោយរាជ្យដល់ទៅពីរអង្គក្នុងពេលតែមួយនោះ។

សង្គ្រាមជាមួយប្រទេសចំប៉ា នេះបានទទួលជោគជ័យ ហើយខ្មែរបានកាន់កាប់រាជធានីវិជ័យពីឆ្នាំ១១៤៥ ដល់ឆ្នាំ១១៤៩ ហើយដាក់ប្អូនថ្លៃព្រះអង្គឈ្មោះ ហរិទេវៈ អោយសោយរាជ្យនៅទីនោះផង។

ច្បាំងនឹងយួនដៃវៀត ដែលចេះតែឃុបឃិតគាំទ្រពួកក្បត់ ហើយអនុញ្ញាតអោយពួកនេះជ្រកកោនផង។ ច្បាំងនឹងក្សត្របុរីថៃ ដែលក្រោកបះបោរនៅវាលទំនាបខាងលើនៃទន្លេមេណាម ផង ហើយច្បាំងជាមួយពួកមន នៅហរិបុញ្ជ័យ ថែមទៀតផង។ ដោយសារព្រះអង្គជាស្ដេចសឹកដ៏ខ្លាំងពូកែដូច្នេះហើយ ទើបព្រះចៅក្រុងចិន ថ្វាយព្រះឋានន្តរនាមដ៏ខ្ពង់ខ្ពស់ចំពោះព្រះអង្គថា គិនពីវពិនចេង ដែលប្រហែលជាត្រូវនឹងពាក្យខ្មែរថា កម្រតេង នោះឯង។

ក្នុងរជ្ជកាលរបស់ព្រះអង្គ ប្រទេសខ្មែរមានវិសាលភាពធំទូលាយណាស់ គឺខាងជើងទល់នឹងប្រទេសចិន ខាងត្បូងទល់នឹងសមុទ្រចិន គឺពីកូថារ៉ា (បច្ចុប្បន្នញ៉ាត្រាង ក្នុងប្រទេសវៀតណាម) រហូតដល់ឈូងសមុទ្របានឌុង (នៅម៉ាឡេស៊ី)។ ខាងលិចទល់នឹងប្រទេសភូមា ហើយព្រំប្រទល់ខាងកើតទល់នឹងប្រទេសចំប៉ា។ ម្យ៉ាងទៀត ព្រះបាទសូរ្យវរ្ម័នទី២ ទ្រង់ជាមគ្គុទ្ទេសក៍ដ៏ឆ្លាតវាងវៃក្នុងការដឹកនាំប្រទេសជាតិ។ ព្រះអង្គជាព្រះមហាក្សត្រខ្មែរដំបូងបំផុត ដែលមានជំនឿស៊ប់លើសាសនាព្រាហ្មណ៍គណៈព្រះវិស្ណុ ដែលក្នុងសម័យនោះមានប្រជាប្រិយភាពធំធេងនៅប្រទេសឥណ្ឌា ផង និងនៅកោះជ្វា ផង។ ព្រះអង្គបានលើកតម្កើងសាសនាព្រាហ្មណ៍គណៈវិស្ណុ នេះអោយទៅជាសាសនារបស់រដ្ឋ។

នៅក្នុងរាជ្យរបស់ព្រះអង្គ បដិមាតំណាងព្រះរាជាដែលគេតម្កល់ក្នុងប្រាសាទធំៗ លែងជាសិវលិង្គរបស់ព្រះឥសូរ ទៀតហើយ តែជាព្រះវិស្ណុបដិមាវិញ។ ខាងវិស័យសំណង់ ព្រះបាទសូរ្យវរ្ម័នទី២ ទ្រង់ជាព្រះមហាក្សត្រមួយអង្គដែលមានស្នាព្រះហស្តយ៉ាងច្រើនសម្បើម ដោយព្រះអង្គបានបន្តការស្ថាបនាប្រាសាទភ្នំជីសូរ ប្រាសាទភ្នំសណ្ដក ប្រាសាទវត្តភូ និងប្រាសាទព្រះវិហារ។ ឯសំណង់ថ្មីមានប្រាសាទព្រះពិធូរ ប្រាសាទចៅសាយទេវតា ប្រាសាទធម្មនន្ទ ប្រាសាទបន្ទាយសំរ៉ែ និងប្រាសាទអង្គរវត្ត ដែលជាស្នាដៃដ៏ល្អប្រណីតនៃសិល្បៈខ្មែរ ហើយដែលត្រូវគេចាត់ទុកថា ជាសំណង់សាសនាមួយដ៏ធំជាងគេក្នុងពិភពលោក។ ប្រាសាទអង្គរវត្ត ក៏ជាទីដែលគេតម្កល់បដិមាព្រះវិស្ណុ និងក៏ប្រហែលជាទីដែលគេបញ្ចុះព្រះធាតុរបស់ព្រះអង្គ ក្នុងពេលដែលព្រះអង្គសោយទិវង្គតទៅនោះ។

នៅភាគខាងចុងរាជ្យរបស់ព្រះអង្គក្នុងឆ្នាំ១១៤៩ ពួកចាម បានបះបោរ រួចបានធ្វើគត់ ហរិទេវៈ ដែលជាប្អូនថ្លៃរបស់ព្រះអង្គសោយរាជ្យនៅក្រុងវិជ័យ ហើយរំដោះប្រទេសចំប៉ា បានពីកម្ពុជា។ ព្រះបាទសូរ្យវរ្ម័នទី២ ទ្រង់ឡើងគ្រងរាជ្យពីឆ្នាំ១១១៣ ហើយប្រហែលជាទ្រង់សោយទិវង្គត នៅឆ្នាំ១១៤៩ ឬឆ្នាំ១១៥០ នៃគ្រិស្ដសករាជ ដោយមានព្រះមរណនាមថា បរមវិស្ណុលោក៕

ប្រភព ៖​ Khmer Angkor

Loading...

Leave a Comment