មក​មើល​លក្ខខណ្ឌ​ជ្រើសរើស​នារី​អូតេស​របស់​ក្រុមហ៊ុន​អាកាសចរណ៍​ធំៗ​ ទើប​ដឹង​ថា​លំបាកយ៉ាងណា

ការងារ​ជា​នារី​បម្រើ​ការ​លើ​យន្តហោះគឺ​ជា​ការងារ​ដែល​នារី​ភាគ​ច្រើន​ស្រមៃ​ចង់​ធ្វើ ព្រោះ​មើល​ពី​ខាង​ក្រៅ​ ពួក​គេ​មាន​ការ​តុបតែងខ្លួន​ និង​សូម្បី​តែ​ការ​និយាយ​ស្ដី​ក៏​គួរ​ឱ្យ​ចង់​ស្ដាប់​។ ប៉ុន្តែ​តើ​សម្រស់​មួយ​មុខ​ អាច​ត្រូវ​បាន​ជ្រើស​រើស​ឱ្យ​ជាប់​ក្នុង​តួនាទី​មួយ​នេះ​មែន​ទេ? ថ្ងៃ​នេះ​ យើង​មក​តាមដាន​វិញ្ញាសារ​មួយ​ចំនួន​ដែល​នារីៗ​ត្រូវ​ឆ្លង​កាត់ មុន​នឹង​ក្លាយ​ជា​បុប្ផា​លើ​មេឃ​របស់​ក្រុម​ហ៊ុន​អាកាសចរណ៍​ធំៗ​ក្នុង​ពិភពលោក​។ ​

#១ ទម្ងន់-កម្ពស់

 

 

ជា​ទូទៅ​ លក្ខខណ្ឌ​សម្រាប់​​ស្តង់ដារ​រូបរាង​របស់​បេក្ខនារី​ដែល​ដាក់​ពាក្យ​ធ្វើ​នារី​អូតេស​មិន​ត្រូវ​ខ្ពស់​ពេក ឬ​ទាប​ពេក​នោះ​ទេ។ ក្រុមហ៊ុន​អាកាសចរណ៍​ធំៗ​ភាគ​ច្រើន​កំណត់​ស្ដង់ដារ​កម្ពស់​គឺ​មិន​ឱ្យ​ទាប​ជាង​១,៥៨ ម៉ែត្រ​ និង​មិន​ត្រូវ​ខ្ពស់​ជាង​ ១,៨ម៉ែត្រ​ (គិត​ទាំង​កែង​ស្បែក​ជើង​) ឡើយ។

ជា​ទូទៅ​ លក្ខខណ្ឌ​សម្រាប់​​ស្តង់ដារ​រូបរាង​របស់​បេក្ខនារី​ដែល​ដាក់​ពាក្យ​ធ្វើ​នារី​អូតេស​មិន​ត្រូវ​ខ្ពស់​ពេក ឬ​ទាប​ពេក​នោះ​ទេ។ ក្រុមហ៊ុន​អាកាសចរណ៍​ធំៗ​ភាគ​ច្រើន​កំណត់​ស្ដង់ដារ​កម្ពស់​គឺ​មិន​ឱ្យ​ទាប​ជាង​១,៥៨ ម៉ែត្រ​ និង​មិន​ត្រូវ​ខ្ពស់​ជាង​ ១,៨ម៉ែត្រ​ (គិត​ទាំង​កែង​ស្បែក​ជើង​) ឡើយ។

ហេតុ​ផល​នៃ​ការ​កំណត់​នេះ ដោយ​សារ​​កម្ពស់​១,៥៨ម៉េត្រ​ឬ​លើស​នេះ​ នារី​អូតេស​អាច​ឈរ​ដាក់​កាបូប ឬ​អីវ៉ាន់​លើ​ទូរ​យន្តហោះ​បាន​ដោយ​ងាយ​ស្រួល​។ ចំណែក​បើ​នារី​ដែល​ខ្ពស់​ជាង​១,៨ម៉ែត្រ​អាច​នឹង​ខ្ពស់​ជ្រុល​ដែល​ពិបាក​សម្រាប់​យន្តហោះ​ខ្នាត​តូច​មួយ​ចំនួន​ដែល​មាន​ពិតាន​ទាបៗ។ ​

ដោយ​ឡែក​ សម្រាប់​ក្រុមហ៊ុន​ Emirate របស់​អារ៉ាប់​រួម​​តម្រូវ​ឱ្យ​នារី​បម្រើ​លើ​យន្ត​ហោះ​ត្រូវ​មាន​កម្ពស់​២,១២ម៉ែត្រ​គិត​ដោយ​ឈរ​ជើង​ផ្ទាល់​ដី​ ព្រោះ​យន្តហោះ​របស់​គេ​ភាគ​ច្រើន​ជា​យន្តហោះ​ខ្នាត​ធំ ដូច្នេះ​ទាមទារ​រក​​អ្នក​ខ្ពស់ៗ​ដើម្បី​ងាយ​ស្រួល​ទុក​ដាក់​អីវ៉ាន់។ ចំណែក​ជើងហោះហើរ​របស់​ម៉ាឡេស៊ី​វិញ បុគ្គលិក​ត្រូវ​មាន​រង្វាស់​ដង​ខ្លួន​ (ដែល​គិត​​រវាង​ទម្ងន់​ខ្លួនចែក​ជាមួយ​កម្ពស់​​) ត្រឹម​ ២២-២៥​សម្រាប់​នារី និង​ពី​២៥-២៨ សម្រាប់​បុរស​។

#២ រូប​សម្រស់

 

 

សម្រាប់​អ្នក​ធ្វើ​ការ​លើ​យន្តហោះ​ ការ​ផាត់​មុខ​ត្រូវ​តែ​មាន​លក្ខណៈ​ដូច​គ្នា​ មិន​មែន​ម្នាក់​ៗផាត់​មុខ​តាម​ស្ទីល​រៀងៗ​ខ្លួន​នោះ​ទេ។ តម្រូវ​ការ​មួយ​ទៀត គឺ​ពួក​គេ​ត្រូវ​តែ​មាន​ស្នាម​ញញឹម​ស្រស់​ស្អាត មាន​ធ្មេញ​ស​ស្អាត​ និង​មាន​ខ្យល់​ដង្ហើម​បរិសុទ្ធ​។

ក្រុមហ៊ុន​អាកាសចរណ៍​ជាច្រើន​របស់​អង់គ្លេស​តម្រូវ​ឱ្យ​រឹតត្បិត​រឿង​សម្លៀកបំពាក់ និង​សូម្បី​ការ​លាប​ពណ៌​ក្រចក​ដៃ​ក៏​ត្រូវ​ធ្វើ​តាម​ការ​កំណត់​ដែរ។ រីឯ​ក្រុមហ៊ុន​អាកាសចរណ៍​របស់​ម៉ាឡេស៊ី​ទាមទារ​ឱ្យ​នារី​អូតេស​ផាត់​មុខ​ឱ្យ​សម​នឹង​ការ​ស្លៀក​ពាក់​របស់​ខ្លួន​ ដោយ​ប្រើ​គូល័រ​ភ្នែក​ហោច​ណាស់​៣​ពណ៌​។ ចំណែក​ក្រុមហ៊ុន​ហោះ​ហើរ​ Emirate វិញ​ ពណ៌​ក្រចក​ត្រូវ​លាប​ឱ្យ​ត្រូវ​នឹង​ពណ៌​ក្រែម​ ឬ​មួក​ ហើយ​មិន​ត្រូវ​មាន​ស្នាម​សាក់​ត្រង់​ផ្នែក​ណា​នៃ​ដង​ខ្លួន​ ដែល​អាច​មើល​ឃើញ​ពេលស្លៀក​ឯកសណ្ឋាន​នោះ​ឡើយ។

#៣ ការ​បណ្ដុះ​បណ្ដាល

វគ្គ​បណ្ដុះបណ្ដាល​សំខាន់​ៗ​ដែល​អ្នកបម្រើ​ការ​លើ​យន្ត​ហោះ​ត្រូវ​យល់​ដឹង​គឺ​ វិធី​ការពារ​សុវត្ថិភាព​អ្នក​ដំណើរ​ និង​ការ​បម្រើ​សេវា​មួយ​ចំនួន​ដល់​អ្នក​ដំណើរ​។ សូម្បី​តែ​វិធី​សាស្ត្រ​បង្កើត​កូន ក៏​ពួក​គេ​ត្រូវ​រៀន​និង​ស្ទាត់​ជំនាញ​ផង​ដែរ។

 

 

ក្រុម​ហ៊ុន​អាកាសចរណ៍​ TAM របស់​ប្រេស៊ីល​តម្រូវ​ឱ្យ​អ្នក​បម្រើ​លើ​យន្តហោះ​ចូលរួម​វគ្គ​ហ្វឹកហាត់​ជំនាញ​ជួយ​សង្គ្រោះ​ជីវិត​នៅ​ក្នុង​ព្រៃ​អាម៉ាហ្សូន​។ ពួក​គេ​ត្រូវ​ឆ្លង​កាត់​ស្ថានភាព​លំបាកៗ​ជា​ច្រើន​ដែល​បាន​រៀបចំ​ឱ្យ​ដូច​ក្នុង​ករណី​យន្តហោះ​ធ្លាក់​ចូល​ក្នុង​ព្រៃ​ជា​ដើម​។ ក្នុង​ការ​ហ្វឹកហាត់​នេះ​ដែរ​ អ្នក​ទាំង​នោះ​ត្រូវ​រៀន​រើស​យក​កំទេចកំទី​ពី​យន្តហោះ​ដែល​បែកបាក់​នោះ​មក​ធ្វើ​សម្ភារៈ​ប្រើប្រាស់ ឬ​សង់​ជា​បង្គន់​សម្រាប់​ប្រើ​បណ្ដោះ​អាសន្ន​ទៀត​ផង​។​

​ងាក​មក​មើល​​ការ​ជ្រើស​រើស​របស់​ក្រុមហ៊ុន​អាកាសចរណ៍​ Chengdu East Star របស់​ចិន​វិញ អូតេស​ទាំង​អស់​ត្រូវ​ឆ្លង​កាត់​ការ​ហ្វឹកហាត់​ទាហាន​យ៉ាង​តឹងរ៉ឹង​ជា​មុន​សិន​។ ចំណែក​បេក្ខភាព​របស់​ Easyjet របស់​អង់គ្លេស​ត្រូវ​ប្រាកដ​ថា​ពួក​គេ​អាច​ដើរ​ក្រោម​ទឹក​បាន​ហោច​ណាស់​១​នាទី​។

#៤ ទម្ងន់​ការងារ

មនុស្ស​ភាគ​ច្រើន​តែង​គិត​ថា អ្នក​បម្រើ​លើ​យន្តហោះ​ធ្វើការ​ត្រឹម​តែ​បម្រើ​អាហារ ឬ​ភេសជ្ជៈ​ដល់​អ្នក​ដំណើរ ឈរ​ចាំ​ទទួល​ ពេល​អ្នក​ដំណើរ​ឡើង​យន្តហោះ​ជា​ដើម។ ប៉ុន្តែ​ការពិត មិន​ដូច្នោះ​ទេ ពួក​គេ​ត្រូវ​មាន​ការងារ​ច្រើន​ទៀត​ដែល​អ្នក​មិន​បាន​ដឹង។

 

 

តួយ៉ាង​សម្រាប់​ក្រុមហ៊ុន​អាកាសចរណ៍​តម្លៃ​ថោក ​អូតេស​ត្រូវ​មាន​ភារកិច្ច​សម្អាត​ក្នុង​យន្តហោះ និង​​លក់​ទំនិញ​ដើម្បី​បង្កើន​ប្រាក់​ចំណូល​របស់​ក្រុមហ៊ុន​ ទើប​អាច​រក​ចំណូលបន្ថែម​ដល់​ខ្លួន​ឯង​បាន​។ ការ​លក់​ទំនិញ​លើ​យន្តហោះ​នោះ​រួម​មាន អាហារ ភេសជ្ជៈ វត្ថុអនុស្សាវរីយ៍ និង​ផលិតផល​ក្នុង​ស្រុក​មួយ​ចំនួន។

#៥ ​ការ​ប្រឈម​នឹង​ជំងឺ​ផ្សេងៗ

 

 

ដោយ​សារ​សម្ពាធ​ខុស​គ្នា​រវាង​នៅ​លើ​ដី​ផ្ទាល់ និង​នៅ​លើ​លំហរ អ្នក​ប្រកប​អាជីព​នេះ​អាច​នឹង​ត្រូវ​ប្រឈម​បញ្ហា​សុខភាព​មួយ​ចំនួន​ទាក់​ទង​នឹង​ត្រចៀក​ និង​រន្ធ​ឆ្អឹង​ក្នុង​ខួរក្បាល និង​ច្រមុះ។ ជំងឺ​ដែល​តែង​កើត​ជា​ញឹក​ញាប់​សម្រាប់​អ្នក​ធ្វើ​ការ​លើ​យន្តហោះ​មាន​ដូច​ជា​ គ្រួស​ក្នុង​តម្រង់​នោម​ ជ្រុះ​សក់​ ភាព​តានតឹង​ ការ​អត់​ងងុយ បញ្ហា​ប្រព័ន្ធ​រំលាយ​អាហារ​ជា​ដើម។ ​

ក្រៅ​ពី​បញ្ហា​ទាក់​ទង​នឹង​សុខភាព អ្នក​ធ្វើ​ការ​នេះ​ក៏​ប្រឈម​នឹង​ការ​ប៉ះពាល់​ផ្លូវ​ចិត្ត​រវាង​ខ្លួន​និង​ក្រុម​គ្រួសារ ឬ​មិត្តភ័ក្ដិ ដោយ​សារ​តែ​គ្មាន​ពេល​វេលា​សម្រាប់​អ្នក​នៅ​ជុំវិញ​ខ្លួន​ ព្រោះ​ត្រូវ​ធ្វើ​ដំណើរ​ផ្លូវ​ឆ្ងាយ​ច្រើន​ថ្ងៃ​ ហើយ​ម៉ោង​ធ្វើ​ការ​ក៏​មិន​ទៀត​ទាត់៕

 

 

 

 

 

 

 

 

 

 

 

 

 

 

Loading...

Leave a Comment