សម្រង់ប្រសាសន៍អ្នកឧកញ៉ា_វេជ្ជបណ្ឌិត_គួចម៉េងលី ៖ ពេលខ្លះក្នុងស្រុកយើង សម្បូរអ្នកបំពុលបរិយាកាសច្រើនដែរ។

[…] ពេលខ្លះក្នុងស្រុកយើង សម្បូរអ្នកបំពុលបរិយាកាសច្រើនដែរ។ អ្នកខ្លះបំពុលដោយអចេតនា ឯអ្នកខ្លះទៀតដោយចេតនា។ ប៉ុន្តែទោះបីចេតនាឬអតចេតនា ទាំងពីរនេះពុំសូវល្អទេ។ តើបំពុលនោះ មានលក្ខណៈបែបណា?

លោកឪពុកអ្នកម្តាយខ្លះ ហាក់យល់ដឹងពីសារៈសំខាន់នៃការអប់រំនៅត្រឹមកម្រិតមួយ។ ម៉្លោះហើយ គាត់ពុំចង់ឱ្យកូនរៀនសូត្របានវែងឆ្ងាយទេ បែរជាជំរុញឱ្យចេញធ្វើការតែម្តង។ ជួនកាល ម្តាយឪពុកខ្លះហាក់ខ្វះលទ្ធភាព ទើបសម្រេចឱ្យកូនឈប់រៀន។

ប៉ុន្តែមានសំណួរខ្លះចោទសួរគាត់វិញថា “ហេតុអ្វីពុំមានលទ្ធភាព ព្រោះបច្ចុប្បន្នអាចនាំកូនទៅចុះឈ្មោះចូលរៀន ដោយពុំគិតថ្លៃទេតើ?” ។ ពួកគាត់ឆ្លើយតបវិញថា បើទោះបីរៀនឥតគិតថ្លៃពិតមែន ប៉ុន្តែកូនគាត់ត្រូវការកង់ឬម៉ូតូជិះទៅរៀន ព្រោះសាលារៀននៅឆ្ងាយពីផ្ទះ។

គាត់ត្រូវការចំណាយលើសម្ភារៈសិក្សាដូចជាសៀវភៅ ប៊ិក ខ្មៅដៃ ជ័រលុប ការតាប បន្ទាត់ ហ្វឺត សម្លៀកបំពាក់ ។ល។ និង។ល។ ដែលទាំងអស់ហ្នឹង ត្រូវតែចំណាយប្រាក់។ នៅមានទៀត ពួកគាត់ត្រូវរកប្រាក់ឱ្យកូនទុករៀនគួរ ទិញក្រដាសមេរៀន បង់ថ្លៃក្រដាសប្រឡងផងដែរ។

អ៊ីចឹង ដោយសារតែពុំមានលទ្ធភាពលើចំណាយផ្សេងៗបែបហ្នឹង ទើបគាត់ពុំអាចរ៉ាប់រងរួច។ ស្ថិតក្នុងស្ថានភាពបែបហ្នឹង គ្រួសារទីទាល់ក្រភាគច្រើនអាចមានលទ្ធភាពឱ្យកូនខ្លួនរៀនបានត្រឹមថ្នាក់ទី៧ ឬទី៨ ប៉ុណ្ណោះ។ បើតាមខ្ញុំបានជួបផ្ទាល់ ខ្ញុំធ្លាប់សួរបួនដប់គ្រួសារ គឺមានប្រាំពីរទៅប្រាំបីគ្រួសារហើយ ដែលបានសម្រេចឱ្យកូនឈប់រៀន។ ម៉្លោះហើយកត្តាឈប់រៀននិងបោះបង់ចោលការសិក្សាបែបហ្នឹង គឺមានច្រើនណាស់នៅទីជនបទ។

ការណ៍នេះ បណ្តាលឱ្យការយល់ដឹងភាសាខ្មែរ អក្សរសិល្បិ៍ អក្សរសាស្ត្រជាតិនៅក្នុងសន្តានយុវជនជំនាន់ក្រោយហាក់ខ្សោយខ្លាំង។ ភាពទន់ខ្សោយផ្នែកចំណេះដឹង ធ្វើឱ្យពួកគេមិនចេះចរចា ខ្វះសមត្ថភាពធ្វើការ ហើយពេលចុះប្រឡូកក្នុងសង្គម គឺច្រើនតែចាញ់ប្រៀបគេ។

បើមួយជំនាន់ទៅមួយជំនាន់ទាបឡើងៗ នោះហាក់បីដូចបញ្ញវន្តភាពរបស់ជនជាតិយើងត្រូវកាត់បន្ថយ។ ម្យ៉ាងវិញទៀត ហាក់បីដូចសង្គមយើងឱ្យតម្លៃការសិក្សានៅក្នុងកម្រិតទាប។ ត្រង់នេះ ខ្ញុំយល់ថាជាបញ្ហាមួយដ៏ធ្ងន់ធ្ងរ។ […]

#សម្រង់ប្រសាសន៍អ្នកឧកញ៉ា_វេជ្ជបណ្ឌិត_គួចម៉េងលី

#MJQUP #educationforall